បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ១៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន០២នាក់ រស់នៅក្រុងប៉ោយប៉ែតថា ពួកគាត់បានបាត់ម៉ូតូចំនួន០២គ្រឿង ត្រូវជនមិនស្គាល់មុខបានលួចម៉ូតូទៅបាត់ ។
ពេលទទួលបានពាក្យប្តឹងហើយ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវ តាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ កូ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងវត្ថុតាងម៉ូតូ០២គ្រឿង តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលក្រុង និងនគរបាលប៉ុស្តិ៍ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ភាន់ រតនៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យប់ស្នាក់នៅក្នុងបន្ទប់ជួល បានអូសម៉ូតូចេញពីក្នុងបន្ទប់ដាក់មុខបន្ទប់ ហើយចូលក្នុងបន្ទប់វិញ មិនបានដកសោពីម៉ូតូត្រូវចោរលួចយកទៅបាត់ ។
ម៉ូតូម៉ាក ហុងដាឌ្រីម ឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1D-2623 ។ ចំណែក ជនរងគ្រោះម្នាក់ទៀត ឈ្មោះ ម៉េង ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាយថា មុនពេលកើតហេតុនៅម៉ោង១០យប់ចោរបានចូលលួចយកម៉ូតូរបស់គាត់ម៉ាក HONDA Scoopy ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខប.មានជ័យ-1S-9046 ដែលបញ្ឈរទុកនៅមុខផ្ទះពុំបានដកកូនសោចេញពីម៉ូតូ ក៏ត្រូវចោលួចជិះទៅបាត់ ហើយចំណែកម៉ូតូរបស់ចោរទុកនៅកន្លែកើតហេតុ ។
លោកអធិការក្រុងប៉ោយប៉ែត ឲ្យដឹងទៀតថា ជនសង្ស័យក្រោយពីឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះទាំង០២នាក់ពិតប្រាកដមែន ។ ផ្អែកតាមបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូ និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី ។ ចំពោះម៉ូតូទាំង០២គ្រឿង ត្រូវបានដកហូត និងប្រគល់ជូនម្ចាស់ដើមទាំង០២នាក់វិញផងដែរ ៕




មតិយោបល់