ព័ត៌មានជាតិ

បុរសម្នាក់ដកកាំភ្លើងបាញ់ ២គ្រាប់ គំរាមក្មេងស្ទាវ រួចបើករថយន្តគេចខ្លួនបាត់ស្រមោល

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីបុរសម្នាក់ខណ:បើករថយន្ត ស្រាប់តែជួបក្មេងស្ទាវ ២ក្រុមកំពុងវាយគ្នា ក៏ដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើ ២គ្រាប់ បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ៊ំប្រុសម្នាក់ ដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ឃើញក្មេងស្ទាវ ២ក្រុម ដោយមួយក្រុមៗ មានគ្នាជិត ១០ម៉ូតូ បានជិះម៉ូតូប្រដេញគ្នា លុះមកដល់ចំណុចកើតហេតុ ក៏បានវាយតប់គ្នាប្រសាចពេញដងផ្លូវ ស្របពេលនោះដែលក៏មានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស មិនចាំស្លាកលេខ បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៧ពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុបុរសជាម្ចាស់រថយន្ត ក៏បានបើកកញ្ចក់រថយន្ត និងដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងទៅលើចំនួន ២គ្រាប់ រួចបន្ថែមល្បឿនរថយន្តបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ចំណែកឯក្មេងស្ទាវទាំងពីរក្រុមនោះ បានបំបែកគ្នាលើកម៉ូតូជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់ផងដែរ បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ ចេញមកមើល និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះធ្វើការអន្តរាគមន៍ និងបានដើររកសម្បកគ្រាប់ដែលបន្សល់ទុកពីខ្មាន់កាំភ្លើងយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ខ្មាន់កាំភ្លើងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់