ព័ត៌មានជាតិ

បុរសម្នាក់បើក Lexus RX330 រេចង្កូតជ្រុលបុករថយន្ត៣គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើកបររថយន្តម៉ាក Lexus RX330 មួយគ្រឿង រេចង្កូតជ្រុលទៅបុករថយន្ត៣គ្រឿង ចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក Lexus RX330 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-3311 ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេច ជា ស៊ីម ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ដល់ត្រង់ចំណុចកើតហេតុ រេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក Prius ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AF-8266 ចតនៅលើចិញ្ចើមផ្លូវ ហើយរថយន្តនេះ បានខ្ទាតទៅបុករថយន្ត២គ្រឿងទៀត ឈប់នៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត ។
ហេតុការណ៍ខាងលើនេះ ដោយម្ចាស់រថយន្តពីរគ្រឿងរងការខូចខាតបន្តិចបន្តួចនោះ មិនចង់មានរឿងវែងឆ្ងាយ បានបើករថយន្តចេញពីកន្លែងកើតហេតុ ដោយមិនមានទាមទារសំណងនោះទេ ។

ចំណែកឯភាគីម្ខាងទៀតបានចរចាដែរប៉ុន្តែមិនត្រូវគ្នា សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់