ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត COROLLA បុកម៉ូតូពីរគ្រឿងពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់មួយរំពេច

កណ្កាល: នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយបានកើតឡើង រថយន្តម៉ាក TOYOTA COROLLA មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2H-5968 បុកម៉ូតូពីរគ្រឿងពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់ ទីតាំងស្ថិតត្រង់ចំណុចផ្សារដើមអំពិល តាមបណ្តោយផ្លូវជាតិលេខ២ ឃុំបឹងខ្យាង ស្រុកកណ្កាលស្ទឹង ខេត្តកណ្កាល ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក TOYOTA COROLLA មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2H-5968 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ។ លុះពេលបើកបរមកដល់ត្រង់ ចំណុចកើតហេតុ បានបុកម៉ូតូពីរគ្រឿងពេញទំហឹងបណ្តាលឲ្យបុរស២នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការ ភ្ញាក់ផ្អើលកើតឡើងដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ផ្លូវគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ យោងតាមរយ:ក្រុមការងារ នៃអង្គភាពព័ត៌មាន Post News បានចុះទៅដល់ ទីតាំងកន្លែងកើតហេតុ បានធ្វើបទសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានដឹងហេតុការណ៍ បាននិយាយរៀបរាប់ប្រាប់ឲ្យដឹង ថា ជនរងគ្រោះម្នាក់នៅឯខេត្តបន្ទាយមានជ័យ នៅមុនពេលគ្រោះថ្នាក់ បានជួបជុំមិត្តភក្តិផឹកស៊ីបន្តិចបន្តួច បន្ទាប់មកបានខ្ចីម៉ូតូគេជិះ ទៅទិញសាច់ក្លែមមួយភ្លែត ដោយចេញទៅយូរពេក ម្ចាស់ម៉ូតូបានមកតាម ស្រាប់តែឃើញជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ មិនទាន់បានទិញសាច់ក្លែមផង ។ ចំណែកឯជនរងគ្រោះម្នាក់ទៀតមានឈ្មោះ នីត មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏បានខ្ចីម៉ូតូគេជិះទៅលេងបងប្អូន ក៏បានជួបគ្រោះថ្នាក់ ក្នុងហេតុការណ៍ខាងលើនោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះបុរសទាំងពីរនាក់ ទៅសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី ។ ចំណែករថយន្តនិងម៉ូតូ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់