ព័ត៌មានជាតិ

យុវជនម្នាក់ជាសិស្សថ្នាក់ទី១២ ដេកស្លាប់ក្នុងបន្ទប់

ភ្នំពេញ: យុវជនម្នាក់ដេកយូរពេកអត់ក្រោក ជីតាទៅដាស់ ស្រាប់តែឃើញមានអាការៈមិនស្រួលខ្លួន ក៏ប្រញប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ពេលនោះគ្រូពេទ្យបានប្រាប់ថា យុវជនរូបនេះស្លាប់បាត់ទៅហើយ ក៏ដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះទៅពិនិត្យកោសល្យវិច័យ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនរងគ្រោះខាងលើឈ្មោះ សត្ត្រា រតនៈ អាយុ ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ស្នាក់នៅជាមួយជីដូននិងជីតា នៅក្នុងផ្ទះកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២ ខែសីហា ក្រោយពេលហូបបាយល្ងាចរួច យុវជនរងគ្រោះបានចូលដេកជាធម្មតា រហូតព្រឹកឡើងអត់ឃើញក្រោកទៅរៀន ជីតាក៏បានទៅដាស់ឲ្យក្រោក ពេលនោះរូបគេអត់ឆ្លើយ និងអត់កម្រើកសោះ ដោយឃើញចៅប្រុសមានអាការៈមិនស្រួលខ្លួនបែបនេះ ក៏ប្រញសប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា យុវជនរូបនេះស្លាប់បាត់ទៅហើយ ក៏ដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះទៅពិនិត្យកោសល្យវិច័យ និងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់