ព័ត៌មានជាតិ

កម្មការិនីរោងចក្រ សាន់ ទិច ម្នាក់ ចេញពីធ្វើការមិនទាន់ដល់ផ្ទះផង ត្រូវម៉ូតូបុកខ្ទាត ចូលក្រោមកង់រថយន្តកុងតឺន័រ កិនបែកក្បាលស្លាប់ភ្លាមៗ បន្សល់ទុកកូន ២នាក់ ឲ្យកំព្រា

ភ្នំពេញៈ នាវេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងម៉ូតូ ២គ្រឿង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា និងមនុស្ស ២នាក់ទៀត រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម៉ូតូ ២គ្រឿង៖
១/ជនរងគ្រោះឈ្មោះ ពុំ សារឹម ភេទស្រី អាយុប្រហែល ៤០ឆ្នាំ (ស្លាប់)​ មុខរបរ កម្មការិនីរោងចក្រ សាន់ ទិច ធ្វើការវេនយប់ បើកបរម៉ូតូម៉ាក Viva ពាក់ស្លាកលេខ ភ្នំពេញ 1L-6998 ឌុបគ្នា ២នាក់បងប្អូន បច្ចុប្បន្នស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្សល់ទុកកូន ២នាក់ ឲ្យកំព្រា ស្រុកកំណើតនៅឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
២/ម៉ូតូម៉ាក ឃ្លីក ពាក់ស្លាកលេខ ភ្នំពេញ 1HM-2915។
រថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3805 អ្នកបើកបរគេចចេញពីកន្លែងកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាក Viva ឌុបគ្នា ២នាក់ បងប្អូនចេញពីធ្វើការវេនយប់ ត្រឡប់មកផ្ទះវិញ ប៉ុន្តែអកុសលមិនទាន់ដល់ផ្ទះផង ត្រូវម៉ូតូម៉ាកឃ្លីក បុកពីក្រោយពេញទំហឹងហើយខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្តកុងតឺន័រ បណ្ដាលឲ្យកិនបែកក្បាលចេញខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

ប្រសិនបើបងប្អូនចង់ចូលរួមបុណ្យជនរងគ្រោះ សូមទំនាក់ទំនងលេខទូរស័ព្ទប្ដីជនរងគ្រោះផ្ទាល់៖ 016 964 396។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់