កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង៣០នាទី គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ – កម្មការិនីរោងចក្រ បានជួបគ្រោះថ្នាក់ឧបទ្ទវហេតុរថយន្ដបុកគ្នា នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ៣៧-៣៨ ចំណុចភូមិស្រែខ្ញែ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រវាងរថយន្តបុករថយន្តបើកបរបញ្រ្ចាសទិសគ្នា ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ 2AD-4695 បើកបរដោយឈ្មោះ ផន ភាស់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងរបង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ (ដឹកកម្មកររោងចក្រ វ៉េនធូរ៉ា និងរោងចក្រមីន ហ្វៃ នៅស្រែតាគួន ចំនួន៤៧នាក់) បើកមកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង លុះដល់ចំណុចកើតហេតុមានក្រលុក ក៏ជាន់ហ្រ្វាំងបន្ថយល្បឿន ស្រាប់តែមានរថយន្ត០១គ្រឿងទៀតម៉ាក Hyundai Mighty ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឆក ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរីខេត្តកំពត (ដឹកកម្មកររោងចក្រ វ៉េនធូរ៉ា និងរោងចក្រមីន ហ្វៃ នៅស្រែតាគួន ចំនួន៤៥នាក់) បើកមកពីក្រោយស្របទិសគ្នា អកសឺ បណ្ដាលអោយបុកគូទរយន្តខាងមុខរួចក៏យកចង្កូតមកឆ្វេង ជ្រុលទៅបុកជាមួយរថយន្ត០១គ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នាម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7285 បើកបរដោយឈ្មោះ ហេត ផេន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិប្រខ្នោ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា រថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកជាមួយរថយន្តសាំយ៉ុងពីក្រោយម្ដងទៀត ។
ក្នុងហេតុការណ៍នេះ ធ្វើឲ្យរថយន្តទាំង០៣គ្រឿងខូចខាតធ្ងន់ និងបណ្ដាលអោយស្លាប់មនុស្ស០១នាក់ស្រី រងរបួសធ្ងន់០១នាក់ និងរបួសស្រាល០៥នាក់ស្រី ។
ចំពោះអ្នកបើកបររថយន្តឈ្មោះ ឆក បានរត់គេចខ្លួនក្រោយពេលកើតហេតុ ។ ចំណែកជនរងគ្រោះ បានបញ្ជូនទៅមន្ទីពេទ្យឯកជន ផ្សារត្រពាំងអណ្ដើក ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំពោះសាកសពជនរងគ្រោះ ផ្នែកជំនាញបានប្រគល់ជូនគ្រួសារ ដោយដឹកតាមរថយន្តសង្រ្គោះពេទ្យបង្អែកគងពិសី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
វត្ថុតាងទាំងបីខាងលើផ្នែកជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធី ៕










មតិយោបល់