ភ្នំពេញៈ នៅវេលាម៉ោង០៦និង00នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំមួយគ្រឿង បើកបុកបុរសថ្មើរជើងម្នាក់ពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-3695 បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ បើកដោយជនមិនស្គាល់អត្តសញ្ញណម្នាក់ ។ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានបុកអ្នកថ្មើរជើងម្នាក់ ដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យមើលទៅតាមនីតិវិធី ។
នៅក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច លើកដាក់ក្នុងរថយន្តពេទ្យ ដើម្បីស្វែងរកសាច់ញាតិ ។ ចំណែករថយន្តបង្កហេតុ សមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីស្វែងរកអត្តសញ្ញាណអ្នកបើកបររថយន្ត ឲ្យចូលខ្លួនដោះស្រាយទៅតាតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថាៈ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ភេទប្រុស មានអាយុប្រហាក់ប្រហែលជាង៣០ឆ្នាំ ហើយសមត្ថកិច្ចក៏កំពុងស្វែងរកសាច់ញាតិ ដើម្បីមកទទួលយកសាកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕




មតិយោបល់