ព័ត៌មានជាតិ

បុរសម្នាក់ចេញពីកម្មពិធីមិត្តភក្តិ បើករថយន្តងោកមួយភាំង បណ្តាលឲ្យរេចង្កូតបុកផ្ទះពលរដ្ឋ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Toyota Prius មួយគ្រឿងក្នុងល្បឿនលឿន ងោកមួយភាំងរេចង្កូតជ្រុលទៅបុកទម្លុះផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសម្នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត toyota prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-4096 ចេញពីកម្មពិធីមិត្តភក្តិនៅខេត្តកំពង់ឆ្នាំង បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងគោលបំណងត្រលប់មកផ្ទះវិញនៅកោះដាច់ ក្នុងខណ្ឌជ្រោយចង្វា ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែងោកមួយភាំង បានរេចង្កូតជ្រុលទៅបុកទម្លុះចូលផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យបាក់សង្កត់លើរថយន្ត និងរងរបួសធ្ងន់បុរសម្នាក់ រួមដំណើរជាមួយ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុយករថយន្តបង្កហេតុទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់