ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា នៅត្រង់ចំណុចភ្លើងស្តុប បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តហាយលែនឌ័រ មួយគ្រឿង បើកលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តម៉ាក Lexus LX570 កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក Lexus LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2X-6999 មានអ្នករួមដំណើរជាលក្ខណ:គ្រួសារបួនទៅប្រាំនាក់ បើកតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត មកដល់ចំណុចស្តុបកើតហេតុ បានឈប់ស្តុប ពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AN-2264 បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នាមកពីក្រោយក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តម៉ាក Lexus LX570 ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីខាងរថយន្តហាយលែនឌ័រ ព្រមចេញសំណងទៅភាគីខាងរថយន្ត Lexus LX570 ដើម្បីបញ្ចប់រឿង ៕

មតិយោបល់