ភ្នំពេញៈ ក្រុមចោរមួយក្រុមដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច ដោយសុវត្តិភាព កាលម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវគង្គាផុស កែង នឹងផ្លូវលេខ ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះប្រាប់ថា មុនពេលកើតហេតុ គេបានជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស់ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BB-8945 ដោយគេជិះធ្វើដំណើរ ទៅប្អូនចេញពីធ្វើការនៅម្តុំស្ពានម៉ុងរិទ្ធី ហើយពេលគេបានជិះត្រលប់មកវិញ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានជនល្មើសពីរម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស មិនចាំស្លាកលេខ និងមួយគ្រឿងទៀតមិនស្គាល់ម៉ាក បានជិះដេញគេ (ជនរងគ្រោះ) និងដកដាវកាប់មកលើពួកគេ(ជនរងគ្រោះ) តែម្តង ។
ឃើញបែបនេះ ជនរងគ្រោះភ័យពេកក៏ផ្តួលម៉ូតូរត់រកកន្លែងមានសុវត្ថិភាព ហើយពេលនោះបក្ខពួកក្រុមចោរក៏បានចុះមកលើម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ស្រមោលដោយសុវត្ថិភាព គ្មានព្រួយបារម្មណ៏អ្វីបន្តិច ។ ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់បងប្អូន ត្រូវគេដឹកយកមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាល ហើយសមត្ថកិច្ចបានត្រឹមតែមកសាកសួរនិងទទួលពាក្យបណ្តឹងប៉ុណ្ណោះ ។ ប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានប្រាប់ដែលថា នៅម្តុំនេះអសកម្មណាស់ឆក់ប្លន់រហូត ដូចជាគ្មានញញើតសមត្ថកិច្ចបន្តិចសោះ៕
https://youtu.be/mrymsc8_cqc
មតិយោបល់