ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យស្រ្តី២នាក់ស្លាប់និងរងរបួសធ្ងន់

តាកែវ: នៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧ និង ២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៣-៧៤ ក្នុងភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តមួយគ្រឿង មិនស្គាល់ភិនភាគ ដែលបើកបរមកពីទិសខាងត្បូង លុះបើកបរមកដល់ចំណុចខាងលើ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងពីក្រោយតែម្តង ដែលម៉ូតូនោះម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1M-0535 បើកបរដោយឈ្មោះ ណាត សុគន្ធា ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ឆេង ពៅ ភេទស្រី អាយុ ១៤ ឆ្នាំ មុខរបរនៅផ្ទះនៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងត្បូង ។ អ្នកទាំងពីរពុំមានពាក់មួកសុវត្ថិភាពនោះទេ ។ មូលហេតុបណ្តាលមកពី រថយន្តបើកបរក្នុងល្បឿនលឿន ។ អ្នករបួសត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។

កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបានប្រគល់សពជូនដល់សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងម៉ូតូខូចខាតធ្ងន់ ហើយត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ៕

មតិយោបល់