ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថបញ្ជូនក្មេងទំនើង៥នាក់ ទៅសាលាដំបូងករណីកាប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់១នាក់

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅរសៀលថ្ងៃច័ន្ទ ១១ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចលូទី២ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានឱ្យដឹងថា ៖ ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ ខោត មុនា (ហៅជ្រូក) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកបានចាត់តាំងកម្លាំងរបស់លោកសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើការស្រាវជ្រាវនិងស្ទាក់ឃាត់ខ្លួនជាបន្តបន្ទាប់បានជនបង្កចំនួន០៥នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ ១/- កាំ បិត កែច្នៃ ដងរុំស្កុតពណ៍ខ្មៅ ប្រវែង៦១សង់ទីម៉ែត្រ ចំនួន០១ដើម, ២/-ម៉ូតូ ចំនួន៣គ្រឿង និងកាំភ្លើងហ្គាស ម៉ាក PIETRO BERETTA MOD92FS.9mm ចំនួន០១ដើម កំប៉ុងហ្គាស ចំនួន០១ និងគ្រាប់ជ័រ ចំនួន០១ថង់ ហើយយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងទៀតថា ៖ ជនសង្ស័យមាន៖ ១/-ឈ្មោះ អឿន វណ្ណឆេង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ២/-ឈ្មោះ យួត រ៉ាយុត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ៣/-ឈ្មោះ អឿន លាបហេង (ហៅផេង) ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ៤/-ឈ្មោះ ណាន សម្រេច ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ៥/-ឈ្មោះ ម៉ែន ជូស៊ឹង (ហៅសិញ) ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ៖ ក្រោយពីឃាត់និងសួរនាំក្រុមក្មេងទំនើងទាំង០៥នាក់ បានឆ្លើយសារភាពថា ពួកគេបានធ្វើសកម្មភាពជិះម៉ូតូកាន់កាំបិតកាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូមានគ្នាចំនួន០២នាក់នោះពិតមែន គឺឈ្មោះ ខោត មុនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួសត្រង់ក្បាលនិងម្នាក់ទៀត ឈ្មោះ ឆេង ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ពុំមានរងរបួសទេ ដោយសារពួកគេមានជម្លោះនិងគ្នាកាលពីថ្ងៃមុន ។

លោកមេបញ្ជាការរង បានបញ្ជាក់ថា ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្មេងទំនើងទាំង៥នាក់ រួមនឹងវត្ថុតាងកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃច័ន្ទ ទី៨ ខែសីហា ឆ្នាំ២០២២នេះ ៕

 

មតិយោបល់