ព័ត៌មានជាតិ

ជិះម៉ូតូឌុបប្រពន្ធងោកងងុយដេក រួចរេចង្កូតធ្លាក់ផ្លូវទៅបុកដើមជំរៀក បណ្តាលឲ្យប្តីស្លាប់នៅកន្លែងកើតហេតុ

តាកែវ: នៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣និង៥០នាទី ស្ថិតលើផ្លូវជាតិលេខ៣១ ចន្លោះគីឡូម៉ែត្រលេខ ០-១ ក្នុងភូមិក្រញូង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយសារជិះម៉ូតូធ្លាក់ផ្លូវទៅបុកនឹងដើមឈើដោយខ្លួនឯង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាស៊ុបពើខាប់ C110 ពណ៌ទឹកដោះគោ ពាក់ផ្លាកលេខ ភ្នំពេញ 1IV-4009 បើកបរដោយឈ្មោះ ម៉ាង សុផាត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ នៅភូមិជីវរ: ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) មានឌុបប្រពន្ធម្នាក់ពីក្រោយឈ្មោះ ឈុន រ៉ន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ នៅភូមិ-ឃុំជាមួយគ្នា (គ្មានរបួស) មានពាក់មួកសុវត្ថិភាពទាំងពីរនាក់ ដែលបើកបរមកពីទិសខាងត្បូង ។ លុះបើកបរមកដល់ចំណុចខាងលើ ក៏ងោកងងុយដេករួចរេចង្កូតធ្លាក់ផ្លូវ ទៅបុកនឹងដើមឈើ (ដើមជំរៀក) នៅពីខាងកើតផ្លូវតែម្តង ។ មូលហេតុបណ្តាលមកពីការបើកបរ ក្នុងស្ថានភាពងងុយដេក ។ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ទៅតាមនីតិវិធី និងបានប្រគល់សពជូនដល់សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងម៉ូតូខូចខាតធ្ងន់ និងបានប្រគល់ជូនដល់សាច់ញាតិវិញ ៕

មតិយោបល់