ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តកាមរីមួយគ្រឿង ក្នុងល្បឿនលឿនរេចង្កូតបុកឡឥដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ស្រវឹងបើករថយន្តកាមរីមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន រេចង្កូតជ្រុលទៅបុកទម្លុះរបងស័ង្កសី ឡឥដ្ឋទុកចោលមួយកន្លែង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងធ្លាក់ភ្នែកបើកបររថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 2U-6166 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុរេចង្កូត ជ្រុលទៅបុកទម្លុះរបងស័ង្កសីបាក់អស់ជាច្រើនផ្ទាំង ហើយរថយន្តបានផ្លោងបុកផ្ទុបនិងឡឥដ្ឋ បណ្តាលឲ្យបាក់បែករងការខូចខាត ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ស្រមោលតែម្ដង ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់