ភ្នំពេញៈ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តសណ្តោងធុនធំ មួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម មួយគ្រឿង បំរុងបត់ឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង ទីតាំងស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខឧត្តរមានជ័យ 1E-9659 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុម៉ូតូបំរុងបត់ឆ្វេង ពេលនោះក៏ស្រាប់តែមានរថយន្តសណ្តោង មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-9165 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នា តាមពីក្រោយម៉ូតូក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ជើង ម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ស្រមោល ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕







មតិយោបល់