ព័ត៌មានជាតិ

រថយន្ត ៣គ្រឿង និងម៉ូតូកង់បី ១គ្រឿង បុកបន្តកន្ទុយគ្នា រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មានករណីរថយន្ត និងកង់បីបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-7៦09 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុដែលផ្លូវមានសភាពកកស្ទះ រថយន្តនោះក៏បានជ្រុលទៅបុកពីក្រោយរថយន្ត ១គ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5890 បើកបរដោយបុរសជាជនជាតិចិនម្នាក់ ក្នុងទិសដៅស្របគ្នា ហើយបានរុញរថយន្តហាយលែនឌ័រទៅមុខបុកផ្ទប់ពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1013 ដែលបើកបរដោយបុរសម្នាក់ រុញទៅមុខបុកផ្ទប់ពីក្រោយម៉ូតូកង់បីមួយគ្រឿងទៀតមិនចាំម៉ាក បានរងការខូចខាតបន្តិចបន្តួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែងយករថយន្តទាំង ៣គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់បន្តទៀត ចំពោះម៉ូតូកង់បីដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមបើកបន្តដំណើរចេញទៅបាត់ ដោយមិនទាមទារសំណងអ្វីនោះទេ៕

មតិយោបល់