បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤និង០០នាទីរសៀល អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ នៃអធិការដ្ឋាននគរបាលស្រុក ចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ក្នុងបទល្មើសជាក់ស្ដែង ត្រង់ចំណុចភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០២នាក់ ១.ឈ្មោះ យ៉ែម ភឹង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ជាម្ចាស់ផ្ទះ) និង២.ឈ្មោះ ចេក គុយ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិចែងមានជ័យ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នកបាញ់អាប៉ោង)។
វត្ថុតាងដកហូតបានរួមមាន៖ ចានសំរាប់បាញ់អាប៉ោងចំនួន ០១, មេអាប៉ោងចំនួន ០៩គ្រាប់, ប្រាក់ខ្មែរចំនួន ១,២៣០,០០០រៀល (មួយលានម្ភៃបីម៉ីន) ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកប្រព្រឹត្តិទាំង២នាក់ខាងលើ អោយបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់តទៀត រួចអនុញ្ញាតអោយក្រុមគ្រួសារមកធានាត្រឡប់ទៅលំនៅឋានវិញ៕
មតិយោបល់