បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នគរបាលនៃអធិការដ្ឋានស្រុកស្វាយចេក បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ក្រោយពីឃាត់ខ្លួនដោយជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជន អាយុ១២ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មិន គឹមភួន ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ឯក្មេងស្រីរងគ្រោះ ឈ្មោះ ភ.ស.វ អាយុ១២ឆ្នាំ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការ បានបញ្ជាក់ថា នៅថ្ងៃទី១០.០៨.២០២២ វេលាម៉ោង១១និង១០នាទីព្រឹកឈ្មោះ ហ៊ុយ រ៉ង់ ជានាយកសាលាបឋមសិក្សាសារង្គ បានឃើញក្មេងស្រីរងគ្រោះអង្គុយយំ នៅក្បែរថ្នាក់រៀនរបស់នាង ហើយក៏បានសួរនាំ នាងបានប្រាប់ថា ជនសង្ស័យឈ្មោះ មិន គឹមភួន បានចាប់នាងរំលោភចំនួន០៥ដង ហើយបានសម្រេចចំនួន០៣ដង មិនចាំថ្ងៃខែ ក្នុងឆ្នាំ២០២១ ដោយលើកទី០១ នៅភ្នំផ្គាំ ភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក, ទី០២នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ,ទី០៣នៅក្នុងផ្ទះ (ពេលនៅម្នាក់ឯងហើយជនសង្ស័យឡើងទៅចាប់) និងលើកទី០៤ទី០៥ នៅលើផ្ទះនៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២) ប៉ុន្តែចាប់មិនបានសម្រេច នាងរត់គេចផុត ។
បន្ទាប់មកលោកនាយកសាលាបានរាយការណ៍ ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសារង្គ រួចឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ។
លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគ្រាន់តែបានបៀតបៀនលើកេរ្តិ៍ខ្មាសរបស់ក្មេងស្រីនោះចំនួន០៣ដងតែប៉ុណ្ណោះ មិនបានរំលោភឲ្យស៊ីជម្រៅនោះឡើយ ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ជនសង្ស័យឈ្មោះ មិន គឹមភួន កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



មតិយោបល់