ស្វាយរៀងៈ ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទឹកដីខេត្តស្វាយរៀងបាននាំគ្នារិះគន់ក្រុមប៉ូលិសចរាចរណ៍ខេត្តស្វាយរៀងថា ដាក់គោលដៅបន្តាក់គ្នាដូចខ្យងពីក្រោលគោស្រុកស្វាយជ្រំទៅដល់ក្រុងបាវិតមានរហូតមានពី៧ទៅ៨កន្លែងធ្វើឲ្យអ្នករកស៊ីដឹកទំនិញ និងអ្នករត់តាក់ស៊ីគ្រវីក្បាលដូចស្រាំងទិច ព្រោះត្រូវចំណាយលុយច្រើនសម្រាប់រត់ការផ្លូវ។
តាមប្រភពព័ត៌មានពីពលរដ្ឋ និងក្រុមអ្នករត់តាក់ស៊ី ព្រមទាំងអ្នករកស៊ីដឹកទំនិញគ្រប់ប្រភេទតាមផ្លូវជាតិលេខ១ បាននាំគ្នាំរអ៊ូរទាំ និងក្រុមប៉ូលិសចរាចរណ៍ខេត្តស្វាយរៀងថា មានច្រើនគោលដៅចាប់រថយន្តលើសល្បឿន និងផាកអ្នកល្មើសច្បាប់ចរាចរណ៍ធ្វើឲ្យពួកគាត់ចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទម្រាំដល់គោលដៅ។
ប្រភពដដែលបានបន្តទៀតថា កុងត្រូលប៉ូលិសមានច្រើន តែគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានជាញឹកញាប់ ពិសេសក្រុមរថយន្តដឹកកម្មករកម្មការនី ដែលតែងតែបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរងរបួសជាច្រើននាក់ ក្នុងនោះដោយអ្នកបើកបរមិនគោរពច្បាប់ ដូចជាផឹកស្រាស្រវឹង ហើយបើកបរ និងបើកប្រជែងគ្នាជាដើម មិនត្រូវបានក្រុមប៉ូលិសចរាចរណ៍បើកភ្នែកមើលនោះទេ។
ប្រជាពលរដ្ឋសំណូមពរទៅលោកអភិបាលខេត្តស្វាយរៀង មេត្តាជួយមើលកុងត្រូលប៉ូលិសចរាចរណ៍ខេត្តផងមានច្រើនណាស់ចង់ក្លាយជាកុងត្រូលជជុះទៅហើយ និងសូមកាត់បន្ថយកុងត្រូលកុំឲ្យមានច្រើនពេកព្រោះពលរដ្ឋពិបាករកស៊ីខ្លាំងណាស់។
ពាក់ពន្ធ័នឹងករណីចោទប្រកាន់ខាងលើនេះភ្នាក់ងារ Post News មិនអាចរកការបំភ្លឺពីសមត្ថកិច្ចចរាចរណ៍ខេត្តស្វាយរៀងបានទេនៅព្រឹកថ្ងៃទី២៤សីហានេះ៕
មតិយោបល់