ព័ត៌មានជាតិ

ខំស្ទុះទៅជួយកូនត្រូវជនសង្ស័យស្រវឹងស្រា យកកាំបិតប៉័ងតោកាប់ បណ្ដាលឲ្យរងរបួស

ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរសម្នាក់សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបង្កហឹង្សាដោយចេតនា ដោយយកកាំបិតតាំងតោ កាប់ទៅលើជនរងគ្រោះជាម្ចាស់ផ្ទះ បណ្តាលឲ្យរងរបួសស្រាល ករណីនេះកើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ២០និង៤០នាទី ថ្ងៃអង្គារ៍ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ។

តាមការរៀបរាប់របស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កឈ្មោះ ជ័យ កុសល បានផឹកស្រាស្រវឹង រួចដើរមកចូលផ្ទះជនរងគ្រោះ ហើយបានទៅច្របាច់កកូនរបស់ជនរងគ្រោះ ឃើញដូចនេះជនរងគ្រោះក៏ស្ទុះទៅជួយឃាត់ និងសង្គ្រោះកូនរបស់ខ្លួន តែបែរជាត្រូវជនបង្កខាងលើ យកកាំបិតប៉័ងតោ កាប់មកលើខ្លួន ចំស្មាខាងឆ្វេង បណ្តាលឲ្យរងរបួសស្រាល ។

លោកវរសេនីយ៍ទោ កែវ សារិ អធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ដោយទទួលព័ត៌មានពីករណីហឹង្សាខាងលើ លោកអធិការបានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ធ្វើការចុះបង្រ្កាបនឹងឃាត់ខ្លួនជនបង្កឈ្មោះ ជ័យ កុសល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ.សង្កាត់ខាងលើ រួមនឹងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ជាបណ្តោះអាសន្ន ដើម្បីរៀបចំនីតិវិធី នឹងធ្វើការអប់រំតាមសំណើរបស់ជនរងគ្រោះឈ្មោះ មែក សុខរៀន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ.សង្កាត់ខាងលើ បញ្ជាក់ជនបង្កនិងជនរងគ្រោះពីមុនមកធ្លាប់ផឹកស៊ីជាមួយគ្នាជាញឹកញ៉ាប់ តែមកដល់ថ្ងៃកើតហេតុអ្នកទាំងពីរមិនបានផឹកស៊ីជាមួយគ្នាឡើយ ៕

មតិយោបល់