សៀមរាបៈ ក្រុងអង្គរខេត្តសៀមរាបត្រូវបានគេចាត់ទុកថា ជាក្រុងទេសចរណ៍ធម្មជាតិលេខ១ របស់ខ្មែរ ដែលមានប្រាសាទអង្គរដ៏ល្បីល្បាញនៅលើពិភពលោក ដែលក្នុងមួយឆ្នាំៗទទូលភ្ញៀវទេសចរណ៍រាប់សិបលាននាក់ផងដែរ ប៉ុន្តែអ្វីដែលអ្នកធ្វើដំណើរក្នុងក្រុងសៀមរាបនោះ គឺបញ្ហាភ្លើងស្តុបមានភាពរញេរញៃ ម្តងភ្លឺ ម្តងរលត់ ដូចសត្វអំពិលអំពែកអ៊ីចឹង។
ប្រជាពលរដ្ឋក្នុងក្រុងអង្គរក៏ដូចជាភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅទីនោះបានរិះគន់ដល់អាជ្ញាធរខេត្ត /ក្រុងនោះថា មិនបានយកចិត្តទុកដាក់កែលម្អផ្លូវថ្នល់ ភ្លើងស្តុប និងស្លាកសញ្ញាបង្ហាញចរាចរណ៍ បង្ហាញផ្លូវនៅតំបន់ទេសចរណ៍ឲ្យបានត្រឹមត្រូវនោះទេ។
ជាក់ស្តែងភ្លើងស្តុប២កន្លែងក្នុងក្រុងអង្គរដែលពលរដ្ឋថា ម្តងភ្លឺ ម្តងរលត់ ដូចសត្វអំពិលអំពែកធ្វើឲ្យពួកគាត់វង្វេងវិលក្បុងនោះ គឺ១កន្លែងស្ថិតនៅផ្លូវបំបែកជាបួនហៅថា ស្តុបអាប៉េ។ ស្តុបអាប៉េនេះ តាំងពីអាជ្ញាធរខេត្តដាក់មកឃើញដំណើរការបានល្អគ្រាន់បើ។ តែមួយរយៈជិត១ខែ ចុងក្រោយនេះ ភ្លើងស្តុបអាប៉េ នេះ ចាប់ផ្តើមដាច់រលត់ឈឹងតែម្តង។
ចំណែកឯស្តុប១កន្លែងទៀតគេហៅថា ស្តុបផ្សារញ៉ែ ឬស្តុបទន្លេសាប ក៏មានបញ្ហាម្តងដាច់ ម្តងភ្លឺ ផងដែរ ។ ភ្លើងស្តុបផ្សារញ៉ែនេះ ម្តងវាលោតភ្លឺភ្លើងពណ៌ខៀវ ដាច់ក្រហម ម្តងភ្លឺភ្លើងក្រហម ដាច់ភ្លឺខៀវ ហើយ ជួនការដាច់ឈឹងតែម្ដង បង្កឲ្យមានការលំបាកដល់អ្នកដំណើរយ៉ាងខ្លាំង និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ បញ្ហានេះប្រជាពលរដ្ឋបានសូមណូមពរទៅដល់អាជ្ញាធរខេត្ត/ក្រុង ចុះពិនិត្យមើលបញ្ហាស្តុបទាំង២កន្លែងនោះផង កុំស្ពឹកពេក៕
មតិយោបល់