ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកខឿនចែកទ្រូងផ្លូវ រេចង្កូតជ្រុលទៅបុករថយន្ត បណ្ដាលឲ្យដួលបោកក្បាលស្លាប់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកខឿនចែកទ្រូងផ្លូវ រួចរេចង្កូតជ្រុលទៅបុករថយន្ត បណ្ដាលឲ្យមនុស្ស០១នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦៨–១៦៩ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 1H-5866 បើកបរដោយឈ្មោះ ញ៉ាល់ និន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសារវន្ដ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ( ស្លាប់ ) ធ្វើចរាចរណ៍ពីកើតទៅលិច លុះជិះមកដល់ចំណុចកើតហេតុខាងលើ បានជិះម៉ូតូបុកនឹងខឿនចែកទ្រូងផ្លូវ (ខឿនកណ្តាល) រួចបានរេចង្កូតជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ រីឯរថយន្តបានបើករត់គេចខ្លួនទៅទិសខាងកើតបាត់ ។

ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ជូនប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី ។

លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍ បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន អ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ។

ចំពោះម៉ូតូសមត្ថកិច្ចបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកន្ទួតជាបណ្ដោះអាសន្ន ៕

មតិយោបល់