ព័ត៌មានជាតិ

ក្មេងទំនើង ៣នាក់ ត្រូវឃាត់ខ្លួន ករណីដេញកាប់គ្នានៅលើផ្លូវកៅស៊ូ និងគប់ដុំថ្មចំសមត្ថកិច្ច

ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍៦រោច ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែសីហាឆ្នាំ២០២២ វេលាម៉ោង២៣និង២៥នាទីយប់ មានករណីក្មេងទំនើងចំនួន ០៣នាក់ បានធ្វើសកម្មភាពដេញកាប់គ្នានៅលើផ្លូវកៅស៊ូត្រង់ចំណុចភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ប៉ុស្តិ៍បានទទួលព័ត៌មានពីលោកមេភូមិខ្វាវតាមរយ:ទូរស័ព្ទដៃ ថាមានក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ បានធ្វើសកម្មភាពដេញកាប់គ្នា ក្រោយពីទទួលបានព័ត៌មាន ភ្លាមនោះប៉ុស្តិ៍បានចាត់កម្លាំងឱ្យចុះអន្តរាគមន៍ ពេលកម្លាំងអន្តរាគមន៍ចុះទៅដល់កន្លែងកើតហេតុ បានប្រទះឃើញម៉ូតូ ០១គ្រឿងធុនC125 ពណ៌ខ្មៅ ដែលម្ចាស់ឈ្មោះ រិត សារ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិខ្វាវ ឃុំរំលេច ត្រូវបានជនមិនស្គាល់មុខដេញវាយម្ចាស់ម៉ូតូ តែដេញមិនទាន់ក៏បានវាយបំផ្លាញម៉ូតូបែកអាវនឹងចង្កៀងក្រោយខ្ទិចអស់ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃើញម៉ូតូ ០២គ្រឿងទៀតជិះគ្នា ០៦នាក់ ជិះពីជើងទៅត្បូង កម្លាំងសមត្ថកិច្ចក៏បានកាក់សួរនាំ តែពួកក្មេងទំនើងមិនឈប់ហើយបានគប់ដុំថ្ម ចំលោកអនុសេនីយ៍ឯក ខៀវ រ៉ា ចំនួនមួយដុំថ្ម ចំកំភួនជើងខាងឆ្វេងហើយជិះម៉ូតូរត់ទៅទិសខាងត្បូង ពេលនោះកម្លាំងសមត្ថកិច្ចបានជិះម៉ូតូដេញតាមរហូតដល់ភូមិកំប្រាក់កូន ឃុំខ្នាទទឹង តែពួកក្មេងទំនើងបានដួលម៉ូតូហើយកម្លាំងសមត្ថកិច្ចក៏ទៅទាន់ ចាប់បានក្មេងទំនើងចំនួន០៣នាក់

១– ឈ្មោះ ឆី ភារុណ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន។
២– ឈ្មោះ លីន ឧត្តម ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន។
៣– ឈ្មោះ វណ្ណ សុផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន និងម៉ូតូមួយគ្រឿងធុន C125 ពណ៌ខ្មៅ ស៊េរី2019 ពាក់ស្លាកលេខពោធិ៍សាត់ 1J-4717 ។

ចំណែកឯម៉ូតូ០១គ្រឿងទៀតជិះគ្នា ០៣នាក់ បានជិះរត់គេចខ្លួនបាត់ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាងសមត្ថកិច្ចបាននាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច រង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់