ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូទ័រសំរាប់បុកថ្ម

ភ្នំពេញ: ឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទលួច ម៉ូទ័រសំរាប់បុកថ្ម ហេតុការណ៍បានកើតឡើង ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែល១២និង៤០នាទី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

ករណីនេះប្រព្រឹត្តទៅ នៅចំណុចមន្ទីរពេទ្យព្រះកុសុម: ផ្លូវ២៧១ ក្រុម៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ឆាំង ឆៃ ហៅ ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានស្រុកកំណើត ភូមិកោះញ៉ៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកឯជនរងគ្រោះ ឈ្មោះ ប្រាក់ សុខលី ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះជួលលេខ ២ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានមាន ម៉ូទ័រសំរាប់បុកថ្ម ពណ៌ខៀវ១គ្រឿង ។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោងប្រហែល ៩ យប់។ ជនរងគ្រោះ បានទុកម៉ូទ័រសំរាប់បុកថ្ម នៅក្នុងឃ្លាំង ក្នុងការដ្ឋានសំណង់ ក្នុងមន្ទីរពេទ្យព្រះកុសុម: ផ្លូវ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ហើយមើលការងារ កូនជាងធម្មតា លុះមកដល់ម៉ោងប្រហែល ៩និង២០នាទីយប់ ជនរងគ្រោះ បានដើរទៅឃ្លាំងដាក់សម្ភារ: ស្រាប់តែបាត់ម៉ូទ័រ សំរាប់បុកថ្ម ពេលនោះ ជនរងគ្រោះ បានឆែកកាមម៉េរ៉ាសុវត្ថិភាព ក្នុងមន្ទីរពេទ្យមើល ក៏ឃើញជនល្មើសឈ្មោះ ឆាំង ឆៃ ដែលត្រូវជាប្អូនប្រុសរបស់ ឈ្មោះ ឆាំង បុត្រ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអតីត កម្មករ របស់ជនរងគ្រោះ និងបក្សពួក២នាក់ទៀត បានចូលលួចម៉ូទ័របុករបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៏បានឃ្លាំមើល ស្រាប់តែជនសង្ស័យឈ្មោះ ឆាំង ឆៃ បានមកក្នុងមន្ទីរពេទ្យ បំរុងលួចសម្ភារ:ជនរងគ្រោះ បន្តទៀតប៉ុន្តែ ត្រូវជនរងគ្រោះឃើញ ក៏ឃាត់ខ្លួន យកមកប្រគល់ឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលទឹកល្អក់ទី២ តែម្ដង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ឆាំង ឆៃ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

photo_2016-08-24_09-02-46 photo_2016-08-24_09-02-52 photo_2016-08-24_09-02-56

មតិយោបល់