ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាព លួចទូរស័ព្ទក្នុងមន្ទីរពេទ្យ

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង ១៥ នាទីករណីអំពើលួច (ទូរសព្ទ័) ចំណុចមណ្ឌលសុខភាព ឃុំទំនប់ធំ ភូមិ ស្ពានទំលាប់ ឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ លី សុខលីម ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូពេទ្យ មានទីលំនៅ ភូមិ ស្ពានទំលាប់ ឃុំ ទំនប់ធំ ស្រុក ពញាឮ ខេត្ត កណ្តាល ។ ជនសង្ស័យឈ្មោះ ភិន ភារ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ស៊ីឈ្នួលបើករថយន្ត ទីលំនៅ ភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជនសង្ស័យ (តេស្តទឹកនោម + ) ។

វត្ថុតាងចាប់យក៖ -ទូរស័ព្ទម៉ាក់ 11 Pro Max ពណ៌ទឹកមាស ចំនួន ០១ គ្រឿង ។ -ម៉ូតូ ម៉ាក Nex ពណ៌ ខ្មៅ កម្លាំង 110cc ផលិតឆ្នាំ 2018 ពាក់ផ្លាក់លេខ 1GG-2021 ចំនួន ០១ គ្រឿង ។

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូ ម៉ាក Nex ពណ៌ខ្មៅ ផលិតឆ្នាំ 2018 ពាក់ផ្លាកលេខ ភ្នំពេញ 1GG-2021 ចូលទៅក្នុង បរិវេណមណ្ឌលសុខភាព ឃុំទំនប់ធំ ក៏ឈប់ម៉ូតូ ហើយបានដើរជុំវិញអគារពេទ្យ ដោយឃើញដូចនេះ លោកគ្រូពេទ្យ ឈ្មោះ លី សុខនាង ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពេទ្យ ត្រូវជាប្អូន ប្រុសបង្កើតរបស់ជនរងគ្រោះ ចេញពី បន្ទប់រដ្ឋបាល រួចហើយបានដើរមកសួរនាំ ជនសង្ស័យថា បងឯងរកអ្វីដែរ បានដើរពេញនឹងចឹង ជនសង្ស័យបានឆ្លើយតបថា តើលោកគ្រូពេទ្យ មានបានឃើញ អ្នកជំងឺគ្រោះថ្នាក់ចរាចណ៍ មកទីនេះទេ? លោកគ្រូពេទ្យតបវិញថា អត់មានអ្នកជំងឺ គ្រោះថ្នាក់ចរាចណ៍មកសម្រាកទេថ្ងៃនេះ បងឯងអង្គុយចាំបន្តិចទៅ ក្រែងមិនទាន់មកដល់ បងឯងអង្គុយឲ្យស្ងៀម កុំដើរចុះដើឡើងចឹង ។

បន្ទាប់មកជនសង្ស័យ បានទៅអង្គុយនៅលើកៅអីខាងក្រៅ ខណ:ពេលនោះ លោកគ្រូពេទ្យឈ្មោះ លី សុខនាង បានកាន់ទូរស័ព្ទ និយាយបានបន្តិច ឃើញជនសង្ស័យងើប ដើរចូលទៅក្នុងអគារ ក្នុងបន្ទប់សម្រាលកូន នៅពេលនោះឈ្មោះ ឡាយ សុខជា ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិតាលីង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កំពុងឈររង់ចាំ ប្រពន្ធនៅខាងក្រៅច្រកចេញនៃអគារ សម្រាលកូន (ក្បែរបន្ទប់សម្រាលកូន) ពេលនោះបានឃើញជនសង្ស័យដើរចូលទៅក្នុង បន្ទប់ប្រចាំការរបស់គ្រូពេទ្យ ក៏បានជួបជាមួយម្តាយក្មេក របស់ឈ្មោះ ឡាយ សុខជា កំពុងដើរចេញពីបន្ទប់សម្រាលកូនហើយ ជនសង្ស័យសួរថា មានអ្នកជំងឺគ្រោះថ្នាក់ចរាចណ៍មកពេទ្យ និងដែរអត់ ? ភ្លាមនោះម្ដាយក្មេករបស់ឈ្មោះ ឡាយ សុខជា បានឆ្លើយថា អត់ដឹងទេ ជនសង្ស័យសួរបន្តទៀតថា កូនប្រុស ឬស្រី ម៉ែ ម្ដាយក្មេករបស់ឈ្មោះ ឡាយ សុខជាឆ្លើយថា មិនដឹងទេ ចង់ដឹងមិនទៅសួរពេទ្យទៅ ហើយបានដើរចេញមកក្រៅបន្ទប់ ខណ:ពេលនោះម្ដាយក្មេករបស់ឈ្មោះ ឡាយ សុខជា បានឃើញ ជនសង្ស័យដើរចូលទៅដកទូរស័ព្ទ ដែលកំពង់ដាក់សាកថ្ម នៅលើតុ ក្នុងបន្ទប់នោះ ហើយដាក់ចូលក្នុងហោប៉ៅ ក្នុងពេលនោះដែរឈ្មោះ ឡាយ សុខជា ដែលកំពុងឈរចាំប្រពន្ធសម្រាលកូនបានឃើញ ជនសង្ស័យដើរចេញពីបន្ទប់ប្រចាំការទេព្យ ភ្លាមនោះលោកគ្រូពេទ្យឈ្មោះ លី សុខនាង បានដើរមកចំពេលជនសង្ស័យខាងលើ ដើរចេញទៅក្រៅដោយមានការសង្ស័យ លោកគ្រូពេទ្យបានដើរ ចូលទៅក្នុងបន្ទប់ពិនិត្យមើល ស្រាប់តែបាត់ទូរស័ព្ទរបស់ជនរគ្រោះ ក៏ផ្អើលឆោឡោ ខណ:ពេលនោះឈ្មោះ ឡាយ សុខជា បានឃើញជនសង្ស័យដើរចេញទៅក្រៅ ដកទូរស័ព្ទ ចេញពីហោប៉ៅ ខោយកទៅលាក់ទុក ក្រោមធុងស្ពេតត្រូ ក្នុងពេលនោះដែរ ឈ្មោះ ឡាយ សុខជា បានស្រែកថា នែ ហ្អែងយកទូរស័ព្ទពីណាគេ មកលាក់ទុកក្រោមនឹង ភ្លាមនោះជនសង្ស័យ មិនបាននិយាយតប អ្វីទាំងអស់ ហើយដើរសំដៅ ឆ្ពោះទៅខាងក្រៅ បំរ៉ុងគេចខ្លូន ឃើញដូច្នេះឈ្មោះ ឡាយ សុខជា បានដើរទៅឃាត់ខ្លួនជនសង្ស័យ បន្ទាប់មកលោក ពាង រតន:ប្រធានមណ្ឌលសុខភាពឃុំទំនប់ធំ បានរាយការណ៍ប្ដឹងមកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទំនប់ធំ ភ្លាមនោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលទំនប់ធំ បានចុះទៅដល់កន្លែងកើតហេតុ រួចនាំខ្លួនបញ្ជូនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី ៕

មតិយោបល់