កំពង់ឆ្នាំង៖ ទន្លេផ្សារក្រោមមានសួនច្បារចំនួន២ ទី១គឺសួនត្រីកាហោ និងទី២សួនច្បារនាងកណ្តៀតក្អមដែលជាទីកន្លែងសំរាប់អោយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អង្គុយលំហែរកំសាន្ត និងទស្សនាភ្នំនាងកង្រី។ក្រោយពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃកន្លងទៅថ្មីៗនេះ គេសង្កេតឃើញសំរាមថង់ផ្លាស្ទីក សំបកចានស្នោរ និងប្រអប់ស្នោរ ត្រូវបានអ្នកមកទស្សនាកំសាន្តមួយចំនួនបោះចោលពាសពេញតាមសួន គល់ឈើ តាមច្រាំង និងនៅលើផ្ទៃទឹកយ៉ាងអនាធិប្បតេយ្យ ដែលមកដល់ពេលនេះមិនទាន់មានការសំអាតនៅឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ អ្នកយកព័ត៌មានយើងបានទៅផ្តិតយករូបភាពទាំងនេះដោយសង្កេតឃើញថា៖នៅលើសួនទាំង២ខាងលើនោះ មានធុងសំរាមដែលគេបានដាក់សំរាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ទុកសំរាមនៅទីនោះ។តែអ្វីដែលគួអោយសោកស្តាយនោះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលបានមកទស្សនាកំសាន្តនៅលើសួនទាំង២ខាងលើ បែរជាបោះចោលសំរាមដែលមានថង់ផ្លាស្ទីក ចានស្នោ ប្រអប់ស្នោរ កាកសំណល់ផ្សេងៗអោយអណ្តែតពេញផ្ទៃទឹកទន្លេខ្លួនឯង ទៅវិញ។ចំណែកនៅលើក្បែររូបសំណាកត្រីកាហោវិញគេឃើញមានការចោលសំរាមនៅតាមគល់ឈើ ចងចោលនៅតាមមែកឈើក្នុងសួនយ៉ាងអនាធិប្បតេយ្យ ដោយមិនបានគិតថាទីនោះក៍ជាមុខមាត់របស់ពួកគាត់ផងសោះឡើយ។
ដោយឡែកនៅសួននាងកណ្តៀតក្អមវិញ អាជ្ញាធរខេត្តពីមួយជំនាន់ទៅមួយជំនាន់បាន ខិតខំកសាងរូបសំណាកតំណាងផ្សេងៗចំនួន៣ដើម្បីលំអរសួន ដោយនៅទីនោះមានរូបសំណាកនាងកណ្តៀតក្អម,រូបសំណាកសត្វគ្រុឌទ្រឆ្នាំង,និងរូបសំណាកនាងគង្ហីង ពេលនេះត្រូវបានអ្នកម៉ៅការថែររក្សាសួនទាំងនោះ យកទីតាំងរូបសំណាកទាំង៣កន្លែង មកជួលអោយអ្នកលក់ដូរបបរ បាយ ទឹកក្រឡុក គ្រឿងក្លែមនៅលើខឿនសួនដោយបានដាក់ឆ័ត្រនិងគ្រែលក់ដូរដោយបាំងរូបសំណាកទាំងនោះនិងគ្មានកន្លែងសម្រាប់អង្គុយលំហែរដូចដែលបានរៀបចំទុកនោះទេ មើលទៅបែបអនាធិប្បតេយ្យសំបើមណាស់ គឺគេយកតែលុយដាក់ហោប៉ៅខ្លួនមិនគិតពីសោភ័ណ្ឌភាពទីក្រុងនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅផ្សារក្រោមបាននិយាយថា៖ការដែលអាជ្ញាធរក្រុងបណ្តែតបណ្តោយអោយអ្នកម៉ៅការយកទីតាំងសួនខាងលើជួលតាមអំពើចិត្តនោះ បន្តិចទៀតនឹងពិបាកដល់អាជ្ញាធរខេត្តក្នុងការរៀបចំសណ្តាប់ធ្នាប់ដូចករណីលក់សងខាងផ្សារលើ និងជួរដើមស្រល់មាត់ទន្លេផ្សារក្រោមយ៉ាងដូចច្នោះឯង។
ប្រជាពលរដ្ឋសំណូមពរលោកអភិបាលខេត្ត មេត្តាជួយចាត់វិធានការក្នុងការរៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងបរិដ្ឋាននៅបរិវេណសួនទាំង២ និងតាមមាត់ទន្លេឡើងវិញផង ព្រោះបញ្ហាបែបនេះវាធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋមួយចំនួនសូមចូលរូមភ្ញាក់រលឹកដាក់សំរាមចូលក្នុងធុងសំរាមដែលនៅក្បែរនោះកុំបោះចោលទៅក្នុងទឹកទន្លេទៀត កាលណាលោកអ្នកបោះកាកសំណល់ដែលមិនរលាយចូលទៅក្នុងទឹកទន្លេគឺវាប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្សីបាតទន្លេយ៉ាងធ្ងន់ធ្ងរនិងធ្វើអោយបាត់បង់នូវពូជមច្ឆាជាតិទៀតផង៕
មតិយោបល់