ព័ត៌មានជាតិ

ជនដៃដល់ជាអ្នកញៀនសារធាតុញៀន បានយកកាំបិតសម្រាប់ចាក់.កជ្រូក កាប់សន្តិសុខមណ្ឌល បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០និង២៥នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) ត្រង់ចំណុចមណ្ឌលពិភពនៃក្ដីសង្ឃឹម ភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនដៃដល់ ០១នាក់ឈ្មោះ យឿង ពេជ្រ ភេទប្រុស អាយុ ៤៥ឆ្នាំមានទីលំនៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពយកកាំបិតសម្រាប់ចាក់កជ្រូក ប្រវែង៤៥សង់ទីម៉ែត្រ កាប់ទៅលើជនរងគ្រោះ ០១នាក់ឈ្មោះ កែវ ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ (ជាសន្តិសុខមណ្ឌល) មានទីលំនៅភូមិពង្រ ឃុំដំណាក់ដង្កេ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃ២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង៣០នាទី។ តាមការបំភ្លឺរបស់លោកអធិការបានឲ្យដឹងថា មូលហេតុដែលឈានដល់ការប្រើប្រាស់អាវុធជាកាំបិតកាប់ទៅសន្តិសុខមណ្ឌលនេះដោយសារជនសង្ស័យជាអ្នកញៀនថ្នាំជាប់នៅក្នុងមណ្ឌលកែប្រែនេះ នៅថ្ងៃកើតហេតុជនសង្ស័យមានជម្លោះជាមួយប្រពន្ធ ដែលទៅសួរសុខទុក្ខ ឃើញដូចនោះសន្តិសុខបានចូលទៅឃាត់ខ្លួនទើបបង្កជាហិង្សាតែម្តង។ វត្ថុតាងដកហូតបានមាន កាំបិតសម្រាប់ចាក់កជ្រូក ពណ៌ខ្មៅ ប្រវែង៤៥ សង់ទីម៉ែត្រ ចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលពិភពនៃក្តីសង្ឃឹមខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត រង់ចាំចំណាត់ការតាមនីតិវិធី-ច្បាប់៕

មតិយោបល់