ព័ត៌មានជាតិ

ទឹកស្រះមួយកន្លែង ឆក់យកជីវិតកុមារាកុមារី២នាក់ ត្រូវជាជីដូនមួយនឹងគ្នា បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៤០ នាទី មានករណីកុមារាកុមារី ចំនួន០២នាក់ លង់ទឹកស្រះបានស្លាប់បាត់បង់ជីវិត ត្រង់ចំណុចក្រុមទី១៧ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។

ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ អ៊ូច សៀន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាជីតាបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលថ្ងៃកើតហេតុ វេលាម៉ោង១៤និង៣០ នាទី ខ្លួនបានទៅឃ្វាលគោនៅស្រែខាងកើតផ្ទះក៏ស្រាប់តែឈ្មោះ អឿ ឈុន ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដែលត្រូវជាយាយបង្កើតជនរងគ្រោះ បានតេទូរស័ព្ទមកថាបាត់ចៅស្រីឈ្មោះ ណាំង ស្រីនិច្ច អាយុ ០៥ឆ្នាំ និងចៅប្រុសឈ្មោះ រតនា ប៊ុនថៃ ភេទប្រុស អាយុ ០៤ឆ្នាំ បន្ទាប់មកខ្លួនក៏បានរត់មកផ្ទះជួយរកចៅ លុះរករហូតដល់មាត់ស្រះចម្ងាយពីផ្ទះប្រហែល ១០ម៉ែត្រ ក៏ឃើញស្បែកជើងនៅមាត់ស្រះ ហើយខ្លួនក៏ចុះមុជរាវរកក្នុងទឹកស្រះ បានប្រហែល០២នាទី ក៏រាវរកឃើញចៅទាំង០២នាក់ ហើយក៏ស្រង់យកមកធ្វើចលនា និងបញ្ជូនបន្តទៅមន្ទីរពេទ្យឃុំល្វា ស្រុកបវេល ប៉ុន្តែពេទ្យបានប្រាប់ថាស្លាប់បាត់ហើយ ។

ជនរងគ្រោះទី១.ឈ្មោះ ណាំង ស្រីនិច្ច ភេទស្រី អាយុ ០៥ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងទី២.ឈ្មោះ រតនា ប៊ុនថៃ ភេទប្រុស អាយុ០៤ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា (ត្រូវជាបងប្អូនជីដូនមួយនិងគ្នា) ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើ កុមាររងគ្រោះទាំង២នាក់ខាងលើ ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន ក្រោមការធ្វេសប្រហែសរបស់អាណាព្យាបាល ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់