ព័ត៌មានជាតិ

ឆាតទូរស័ព្ទទៅក្មេងស្រីជាសង្សារ ឲ្យមកលេងខ្លួននៅបន្ទប់ជួល រួចចាប់នាងរំលោភ បន្ទាប់មកឲ្យមិត្តភក្តិរំលោភបន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន៣នាក់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោម០៤នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអាយ១៥ឆ្នាំម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យបានឲ្យដឹងថា ជនសង្ស័យមាន៖ ១-ឈ្មោះ ហឿម សុជា ភេទប្រុស អាយុ២២ឆ្នាំ (ជាសង្សារ) ស្រុកកំណើតភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង, ២-ឈ្មោះ ពិចិត្រ សាធា ភេទប្រុស អាយ១៧ឆ្នាំ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ៣-ឈ្មោះ ហួត ភិល ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត នៅភូមិ-ឃុំអូរស្រឡៅ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មុខរបរ (បើកឡានដឹកទឹកកក), ៤-ឈ្មោះ ឆន សុវណ្ណរដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង (រត់គេចខ្លួន) ទាំង០៤ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយការិយាល័យ បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឈ្មោះ ហឿម សុជា ភេទប្រុស អាយុ២២ឆ្នាំ (ជាសង្សារ) បានឆាតទូរស័ព្ទទៅក្មេងស្រីរងគ្រោះ ឈ្មោះ រ.ស.វ អាយុ១៥ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អំបិល ក្រុងសិរីសោភ័ណ ឲ្យមកលេងនៅនឹងបន្ទប់ជួលរបស់គេ ដែលស្នាក់នៅទល់មុខស្ថានីយទឹកស្អាត ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយបានធ្វើសកម្មភាពចាប់នាងរំលោភបានសម្រេចចំនួន០២ដង បន្ទាប់មកក៏មានគ្នីគ្នាគេចំនួន០៣នាក់ទៀត ដែលស្នាក់នៅបន្ទប់ជួលជាមួយគ្នានោះ បានចូលទៅចាប់នាងរំលោភបានសម្រេចម្នាក់ដង ។

បន្ទាប់មកនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន០៣នាក់ និង០១នាក់រត់គេចខ្លួន តាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ និងអាណាព្យាបាល ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននិងយេនឌ័រ បានបញ្ជាក់ថាក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពួកគេទាំង០៤នាក់ ពិតជាបានរំលោភក្មេងស្រីរងគ្រោះ បានសម្រេចម្នាក់ម្តងប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងបណ្តឹងក្មេងស្រីរងគ្រោះ និងអាណាព្យាបាល ។ ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី ។ ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួននោះ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមប្រម៉ាញ់ចាប់ខ្លួន យកទៅផ្តន្ទាទោសផងដែរ ៕

មតិយោបល់