ព័ត៌មានជាតិ

រកឃើញ ពពុះសណ្ដែក មីកញ្ចប់ នំពោតកូនក្មេង ទឹកក្រូច មានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់

ឧត្តរមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារទួលស្វាយ ស្ថិតក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ ពពុះសណ្ដែក មីសួរ មឹក និងបង្គា ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ១៩.១៥គីឡូក្រាម រួមមាន៖
– ពពុះសណ្ដែក មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ៣.៨៥គីឡូក្រាម
– មីកញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៦កញ្ចប់ ស្មើនឹង ១.១គីឡូក្រាម
– នំពោតកូនក្មេង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១កេសធំ ស្មើនឹង ៨គីឡូក្រាម
– ទឹកក្រូច ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២ដប ស្មើនឹង ៦.២ លីត្រ។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុក ដើម្បីកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់