ព័ត៌មានជាតិ

បង្រ្កាបករណីជួញដូរនូវសារធាតុញៀន ចំនួន០៤គោលដៅ ឃាត់ខ្លួនជនសង្ស័យ១៤នាក់

កំពង់ចាម: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សាន សុភ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះ បង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនចំនួន ០១ករណី ដោយមានកិច្ចសហការបន្តបន្ទាប់ចំនួន០៤គោលដៅ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៤នាក់ស្រី០២នាក់៖

គោលដៅទី០១ ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នៅវេលាម៉ោង១៣និង៣០នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគោករវៀង ឃុំគោករវៀងឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៩នាក់ ស្រី០១នាក់។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយសម្រាប់ និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ។

គោលដៅទី០២៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ ទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្តចំនួន០៤នាក់ ស្រី០១នាក់ សមត្ថកិច្ចដកហូតវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១៣កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។

គោលដៅទី០៣៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី តាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ ទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រាជាធានីភ្នំពេញ សមត្ថកិច្ចបានធ្វើការឆែកឆេបន្ទប់ជួល ស្ថិតនៅផ្លូវលេខ២៩៩ ផ្ទះលេខ១៥ សង្កាត់បឹងកងកងទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាបន្ទប់របស់ជនសង្ស័យ។

សមត្ថកិច្ចឆែកឆេរកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០១ដុំ និង០១កញ្ចប់ និងថងវេចខ្ចប់០១ចំនួនធំ។

គោលដៅទី០៤៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី តាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ ទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចបានបន្តទៅធ្វើការឃាត់ខ្លួនបានចំនួន០១នាក់(ប្រុស)។

សមត្ថកិច្ចដកហូតវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៩កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

ករណីខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមទាំង០៤គោលដៅមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៣១កញ្ចប់(ដុំធំមួយកញ្ចប់) ថង់វេចខ្ចប់មួយចំនួនធំ និងទូរស័ព្ទដៃចំនួន១៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់