ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹងទំនាស់ពាក្យសម្ដី ធ្វើសកម្មភាពកាប់ទៅលើបុរស ៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ២កើតខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នាវេលាម៉ោង ២២និង៤៣នាទី មានករណីហិង្សារដោយចេតនា បុរសម្នាក់បានយកកាំបិតកញ្ចែតកាប់ទៅលើបុរសចំនួន ០៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងនៅចំណុចអូរមីនតោន ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ វឿន ឆៃ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន ០៣នាក់ ទី១៖ឈ្មោះ នួន ធីម ភេទប្រុស អាយុ ៣៨ឆ្នាំ របួសថ្គាមខាងស្ដាំ និងដៃខាងស្ដាំ ទី២៖ឈ្មោះ នួន ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ របួសថ្ពល់ខាងឆ្វេង និងប្រអប់ដៃខាងស្ដាំ និងទី៣៖ឈ្មោះ សែម ឡុង ភេទប្រុស អាយុ ៣៤ឆ្នាំ របួសចិញ្ចើមខាងស្ដាំ និងភ្លៅខាងស្ដាំ។ ជនរងគ្រោះទាំង ៣នាក់ រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ចំពោះជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសំរាកព្យាបាល របួស នៅមណ្ឌល សុ ខភាពអន្លង់រាប ។

មូលហេតុ៖ ជនរងគ្រោះទាំង ៣នាក់ ផឹកស្រាស្រវឹងទំនាស់ពាក្យសម្ដី។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីបន្ដនីតិវិធី ៕

មតិយោបល់