កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៧ និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកពីក្រោយរថយន្ត នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្រ្តីនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា រថយន្ត០១គ្រឿង ពណ៌ ស ពាក់ស្លាកលេខពោធិ៍សាត់ 3A-0748 សណ្ដោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-05 86 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត០១គ្រឿង ម៉ាក MAZDA ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AZ-4466 បើកបរដោយឈ្មោះ យួត ហេងប៊ុនណា ភេទប្រុស អាយុ២៥ រស់នៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ក្នុងទិសដៅស្របទិសគ្នា ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឱ្យទូកុងទែន័របានរបូតធ្លាក់ពីលើរថយន្ដក្រឡាប់ចុះមកដី និងរថយន្ដក្រឡាប់ រីឯរថយន្ដ MAZDA ខូចខាតយ៉ាងដំណំផ្នែកខាងក្រោយ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួច ដឹកនាំដោយវរសេនីយ៍ទោ ពៅ នឿន អធិការនគរបាលស្រុកភ្នំស្រួច បានចុះសម្របសម្រួលចរាចរណ៍ និងជួយអន្ដរាគមន៍ កំពុងរៀបចំស្ទូចចេញកន្លែងកើតហេតុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំការដោះស្រាយ ៕





មតិយោបល់