ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣៥នាទី មានរកណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តរេចង្កូតបុកស្រ្តីកំពុងដើរចំពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ នៅលើផ្លូវជាតិ៥៥ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១០៩-១១០ មុខការ៉ាស់សាំងស្រ៊ុន រតនៈ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
តាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា រថយន្តបង្កម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខពោធិ៍សាត់ 2A-5156 បើកបរដោយឈ្មោះ ប៊ិន សុវណ្ណ ភេទប្រុស អាយុ៦១ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បើកបរក្នុងទិសដៅពីលិចទៅកើតស្របគ្នា ជាមួយអ្នកថ្មើរជើង ។ លុះបើកមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកស្រ្ដីចំណាស់ម្នាក់ ឈ្មោះ ម៉ុត ម៉ៅ ភេទស្រី អាយុ៦៣ឆ្នាំ ទីលំនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំពីក្រោយពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ រីឯជនរងគ្រោះដោយសារស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
របាយការណ៍បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ។ ចំណែករថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕




មតិយោបល់