ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករនាំងពុះចែកផ្លូវ នៅត្រង់ចំណុចស្ពានអាកាសចោមចៅ បណ្តាលឲ្យដួលបោកក្បាលសន្លប់ទាំងព្រឹក

ភ្នំពេញ: ភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលបុរសម្នាក់ បានជិះម៉ូតូលឿនពេកបត់មិនទាន់ ជ្រុលទៅបុករនាំងពុះចែកផ្លូវ ស្ពានអាកាសចោមចៅពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់ រងរបួសសន្លប់បាត់ស្មារតី ហើយត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅផ្លូវក្រោមដីស្ពានអាកាសចោមចៅ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូម៉ាកស៊ុយហ៊្សុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1I-9395 ធ្វើដំណើរតាមផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតទៅលិច ហើយពេលទៅដល់ចំណុចស្ពានអាកាសចោមចៅ បានចូលទៅតាមគន្លងផ្លូវក្រោមដី ។

ប្រភពមួយនេះបាននិយាយទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគល់រនាំងពុះចែកផ្លូវ ទៅកាន់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់ រងរបួសធ្ងន់សន្លប់បាត់ស្មារតី ហើយម៉ូតូរបស់គាត់បានរងការខូចខាត ។ ក្រោយពេលកើតហេតុ ក្រុមសង្រ្គោះអង្គភាព៧១១ បានយករថយន្តដឹកបុរសនេះ ទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីនោះ ហើយបាននាំយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញ ៕

មតិយោបល់