ព័ត៌មានជាតិ

រថយន្តរេចង្កូត បុករទេះលក់ភេសជ្ជៈ លើចិញ្ចើមផ្លូវរបួសស្រ្តីម្នាក់

ភ្នំពេញ: រថយន្ត១គ្រឿង ខណ:បើកបរសុខៗ ស្រាប់តែរេចង្កូតជ្រុលទៅបុករទេះលក់ភេសជ្ជ: នៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យក្រឡាប់កំពប់ភេសជ្ជ: ខូចខាតខ្ទេចខ្ទី និងធ្វើឲ្យស្រ្តីអ្នកលក់ម្នាក់រងរបួស ហើយត្រូវបាននាំទៅសង្រ្គោះភ្លាមៗផងដែរ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2Z-3477 បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ លុះដល់ដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតឡើងទៅលើខឿនផ្លូវ រួចបានបុករទេះលក់ភេសជ្ជ: បណ្ដាលឲ្យក្រឡាប់កំពប់ភេសជ្ជ:ខូចខាតខ្ទេចខ្ទី និងធ្វើឲ្យស្រ្តីអ្នកលក់ម្នាក់រងរបួស ហើយត្រូវបាននាំទៅសង្រ្គោះភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កាកាបទី២ បានចុះទៅពិនិត្យមើលជាក់ស្ដែង និងភាគីទាំង២សម្របសម្រួលគ្នាបញ្ចប់រឿង នៅកន្លែងកើតហេតុនោះតែម្ដង ៕

មតិយោបល់