បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៩និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ត្រង់ចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងក្រុមទី១០ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន រវាងម៉ូតូ០១គ្រឿង និងម៉ូតូកង់បី បណ្តាលអោយមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាក Scoopy ពណ៌ស (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ រឿន គីម ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (របួសធ្ងន់) និងអ្នករួមដំណើរចំនួន០១នាក់ទៀតឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង (របួសធ្ងន់) បើកបរដោយមិនពាក់មួកសុវត្តិភាព ។ ដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូកង់បី០១គ្រឿង ម៉ាក Wave ពណ៌ក្រហម (គ្មានស្លាក់លេខ) អ្នកបើកបរដោយឈ្មោះ សាវ ពយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង (រត់គេចខ្លួន) និងអ្នករួមដំណើរឈ្មោះ គក់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង (ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ)។
តាមការពិនិត្យរបស់នគរបាលនៅកន្លែងកើតហេតុ អ្នកបើកបរម៉ូតូកង់បីមានគ្នា០២នាក់ បានបើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ខណៈកំពុងឆ្លងនោះក៏មានម៉ូតូម៉ាក Scoopy ធ្វើដំណើរដោយមានគ្នា០២នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក៏បានបុកគ្នាជាមួយកង់បីពេញមួយទំហឹងតែម្ដង ។
ករណីនេះ ចំពោះមធ្យោបាយបង្កទាំងពីរគ្រឿង សមត្ថកិច្ចបាននាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន រង់ចាំដំណោះស្រាយតាមនីតិវិធី ។ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់