ព័ត៌មានជាតិ

រថយន្ត Lexus Nx200T បុកម៉ូតូ PassApp មួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Lexus Nx200T មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BC-6605 បុកម៉ូតូ PassApp មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HW-9158 បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើនោះ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែក្នុងសង្កាត់ទន្លេបាសាក់ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងល្បឿនយ៉ាងលឿន ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែ បុកម៉ូតូ PassApp មួយគ្រឿងពេញទំហឹងឡើងដាច់កង់ ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ករណីខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានសង្កេតឃើញថា ទាំងរថយន្តនិងម៉ូតូ PassApp បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ។

នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានយករថយន្តនិងម៉ូតូ PassApp ទៅរក្សាទុកជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់