បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងរយៈពេល០១ថ្ងៃ នៅខេត្តបន្ទាយមានជ័យ មានក្មេងប្រុស ស្រី អាយុទើប០៣ឆ្នាំចំនួន០២នាក់ បានស្លាប់ក្នុងករណីលង់ទឹកដោយឡែកពីគ្នា ម្នាក់នៅស្រុកថ្មពួកលង់ទឹកប្រឡាយ និងម្នាក់ទៀតនៅក្រុងប៉ោយប៉ែត ធ្លាក់ចូលលូទឹកកំពុងហូរខ្លាំង ។
ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ នៅវេលាម៉ោង១និង២៩នាទីរសៀល នៅប្រឡាយចម្ងាយ២០០ម៉ែត្រ ខាងលិចភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មានក្មេងប្រុសឈ្មោះ ហួក តែហាំង អាយុ ៣ឆ្នាំ មានទីលំនៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទៅលេងទឹកប្រឡាយបណ្តាលឲ្យលង់ទឹកស្លាប់ ។
នគរបាលបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុក្មេងរងគ្រោះនិងក្មេងប្រុសម្នាក់ទៀតនៅភូមិជាមួយគ្នា បាននាំគ្នាជិៈកង់ទៅលេងប្រឡាយទឹកដែលគេទើបជីកធ្វើផ្លូវ ចម្ងាយពីភូមិប្រមាណជា២០០ម៉ែត្រ ប្រហែលជា០២នាទីក្រោយមក ក្មេងរងគ្រោះបានលង់ទឹកនិងស្រែកឲ្យគេជួយ តែក្មេងដែលទៅជាមួយនោះមិនហ៊ានជួយ ក៏បានជិៈកង់មកប្រាប់ឪពុកម្ដាយក្មេងរងគ្រោះ ឲ្យទៅជួយកូនរបស់គាត់ដែលកំពុងលង់ទឹក ពេលនោះក៏នាំគ្នាចុះរាវស្វែងរកក្មេងដែលលង់ទឹកនៅពេលរកឃើញ តែជាអកុសល់ក្មេងប្រុសនោះ បានស្លាប់បាត់ទៅហើយ ។
ដោយឡែកនៅក្រុងប៉ោយប៉ែត នគរបាលក្រុងបានឲ្យដឹងថា៖ នៅវេលាម៉ោង០៥និង២០នាទី ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានក្មេងស្រីម្នាក់បានធ្លាក់ចូលលូទឹកពេលមេឃកំពុងភ្លៀងខ្លាំង ។ក្មេងស្រីរងគ្រោះ ឈ្មោះ សុខ ផានី ហៅ (វេវ )ភេទស្រី អាយុ ៣ឆ្នាំ ស្នាក់នៅជាមួយជីដូនឈ្មោះ គឹម គីម នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានម្តាយឈ្មោះ សាង ឡុង និង ឪពុកឈ្មោះ យុត នាក់ទាំងពីរជាប់រវល់ធ្វើការនៅក្រៅ ហើយបានទុកកូនអោយជីដូនជួយមើលនៅផ្ទះ។
នគរបាលបានបញ្ជាក់ថា៖ យោងតាមការសាកសួរជីដូនឈ្មោះ គឹម គីម ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរមេផ្ទះ បាននិយាយថាគាត់បានបញ្ចុកបាយចៅទាំងពីរនាក់បងប្អូនរួចប្រាប់ឈ្មោះ សុខ ផានី ហៅ (វេវ) អោយជួយមើលប្អូនហើយកុំទៅណាព្រោះជីដូនទៅសាខោអាវមួយភ្លេតពេលត្រលប់មកវិញ ក៏ពុំឃើញក្មេងទាំងពីរនាក់អ្នកឡើយរហូតមានការឆោឡោពីអ្នកជិតខាងថាឈ្មោះ(វេវ )បានធ្លាក់ចូលក្នុងប្រឡាយបាត់ហើយ។ តាមការសាកសួរ ឈ្មោះ ធៀន សុច័ន្ទពិសិទ្ធ ភេទប្រុស អាយុ ១១ឆ្នាំ បានប្រាប់ថា៖ ខ្លួនបានឃើញ ឈ្មោះ វេវ និង តយ ២នាក់បងប្អូន កំពុងលេងទឹកមាត់ប្រឡាយហើយខ្លួនបានដើរទៅទាញដៃ តែឈ្មោះ វេវ មិនព្រមឡើងមកទេ រួចខ្លួនបានដើរទៅហៅចាស់ៗ ពេលត្រឡប់មកវិញក៏ពុំឃើញឈ្មោះ វេវ ទៀតទេ។
នៅពេលលឺដំណឹងភ្លាមអាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចទាំង០៣ប្រភេទ បាននាំគ្នាចុះរាវរក និងយកអេស្ការជីកកាយលូ ដើម្បីរកសព តែមិនរកឃើញ លុះវេលម៉ាង ០៥និង២០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ម្តាយម៉ីង ឈ្មោះ ទេព ស្រីសរ និង ឪពុកមា ឈ្មោះ ហែម រីណា ខណ:ពេលពួកគាត់ចេញពីធ្វើការ ហើយដើរអឺតមើលតាមវីហ្គាលូ ទើបប្រទះឃើញសាកសពក្មេងស្រី ជាប់មេឃឈើក្នុងវីហ្គាលូ នៅមុខផ្ទះ៕












មតិយោបល់