ព័ត៌មានជាតិ

រថយន្តPrusបុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់សង្ស័យបាក់ជើង ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី០៥ ខែកញ្ញ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង​ រថយន្ត Prus មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-4876 ជ្រុលទៅបុកម៉ូតូឌ្រីមសង់ ពណ៌ ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FG-5738 បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សង្ស័យបាក់ជើង ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្ត Prus មួយគ្រឿង ពណ៌ស បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ មួយគ្រឿង ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់សង្ស័យតែបាក់ជើង ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍កុំមានការកកស្ទះ ចរាចរណ៍ និងទាញយកម៉ូតូជនរងគ្រោះដាក់អែបខាង ។ ម៉ូតូមានសភាពរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ចំណែកឯរថយន្តនោះវិញ ក៏រងការខូចខាតមានសភាពខ្ទេចមួយចំហៀងផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ភាគីទាំងសងខាងមិនអាចធ្វើការចរចាគ្នាបាននោះទេ ដោយភាគីខាងរថយន្តមិនមានវត្តមាន នៅនឹងកន្លែងកើតហេតុនោះទេ ហើយភាគីខាងជនរងគ្រោះ ក៏ត្រូវបានដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យដែរ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា ករណីនេះមិនអាចសម្រុះសម្រួលគ្នា នៅកន្លែងកើតហេតុបានទេ ដោយសារមានសភាពធ្ងន់ធ្ងរពេក ។ ហើយករណីនេះ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានប្រគល់ទៅឲ្យខាងការិយាចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ករណីទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ សមត្ថកិច្ចមានដោះស្រាយយ៉ាងណានោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់នោះទេ ៕

មតិយោបល់