ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត Lexus GS300 ស្លាកលេខ កម្ពុជា TONA.MUY បុកដើមឈើ និងទ្វារក្រុមហ៊ុនលក់គ្រឿងចក្រ រងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ៣និង២០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុកដើមឈើ និងបន្តទៅបុកទ្វារដែកក្រុមហ៊ុន លក់គ្រឿងចក្រមួយកន្លែង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាក លុចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា TONA.MUY ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អា ពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកដើមឈើ បាក់ដួលដល់ដី និងជ្រុលបន្តទៅបុកទ្វារដែកក្រុមហ៊ុនលក់គ្រឿងចក្រមួយកន្លែង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុអ្នកបើកបរ បានរត់គេចបាត់ស្រមោល បន្ទាប់មកក៏មានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តស្ទូចមកស្ទូចរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមនីតិវិធី៕

មតិយោបល់