ព័ត៌មានជាតិ

មុខសញ្ញាលួចកាត់ខ្សែភ្លើងចំនួន០២នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃអាទិត្យ ៩កើត ខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការស្រាវជ្រាវនិងបង្រ្កាបករណី (លួចកាត់ខ្សែភ្លើង) ចំនួន០២ករណី និងបានឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ អនុវត្តតាមច្បាប់ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ មៀន សុផា ភេទប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្តឹងចូលមកសមត្ថកិច្ចថា មានករណីអំពើលួច (ខ្សែភ្លើង) កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០ នាទីនៅត្រង់ចំណុចក្រុមទី០២ ភូមិសាលាបាឡាត់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយជាមួយនេះឈ្មោះ វ៉ាន លីវីរ: ហៅ ភ័ក្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅផ្ទះលេខ៣៨ ក្រុមទី០១ ភូមិ រតនះ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្តឹងមកសមត្ថកិច្ចថា មានករណីអំពើលួច (កាត់ខ្សែភ្លើង) កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩ និង ៥០នាទី នៅត្រង់ចំណុចក្រុមទី០១ ភូមិរតនះ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីទាំងពីរនេះ ជនរងគ្រោះស្នើឱ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងខ្សែភ្លើងរបស់ខ្លួនមកវិញ ។

បន្ទាប់ពីទទួលពាក្យបណ្តឹងនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនតែម្តងនោះគឺ៖
១-ឈ្មោះ ប៉ែន ឈាងលី ភេទអាយុ ២៨ឆ្នាំ មានទីលំនៅភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។
២-ឈ្មោះ ប៊ុន លីន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតមាន៖ ១-ខ្សែភ្លើងពណ៌ស ទំហំ២ គុណ ៤ ចំនួន ៣ខ្សែមានប្រវែង ១៨០ ម៉ែត្រនិងខ្សែភ្លើងចម្រុះព៌ណមួយចំនួន ។
២-កាំបិតបុ័ងតោដងជ័រពណ៌ខ្មៅចំនួន០១ ។ ៣-ដង្កាប់ចំនួន០២ ។ ៤-ទុលល្វីសចំនួន០១ ។ ៥-ការ៉ុង ពណ៌ស ចំនួន០២ ។
៦-ម៉ូតូ ម៉ាកហុងដា អាយខុន ពណ៌ លឿង ខ្មៅ ពាក់ស្លាកលេខបាត់ ដំប ង ១F-១៨៧៣ ចំនួន ០១គ្រឿង ។
៧-កន្រ្តៃកាត់ខ្សែភ្លើងចំនួន០១ ។ ៨-ម៉ូតូម៉ាកហុងដាសេ ១០០ ពណ៌ទឹ កប៊ិច (សង់កូរ៉េ) គ្មានស្លាកលេខចំនួន០១ គ្រឿង ។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ បានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅក្នុងក្រុងបាត់ដំបងប្រាកដមែន ដែលក្នុងនោះមានបក្ខពួកគេមួយចំនួនទៀត ដែលសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងចាត់វិធានការស្របតាមជំនាញ ។

ករណីខាងលើនេះ នគរបាលក្រុងកំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់