ព័ត៌មានជាតិ

ជើងខ្លាំងម្នាក់ជាប់អន្ទាក់សមត្ថកិច្ច ករណីធាក់បុរសម្នាក់កំពុងដេកលើម៉ូតូ រង់ចាំដឹកម៉ូយនៅមុខផ្សារទន្លាប់

តាកែវ: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ជើងខ្លាំងខាងទាត់ធាក់ត្រូវជាប់អន្ទាក់ សមត្ថកិច្ចស្រុកគិរីវង់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលនីតិវិធីច្បាប់ ពីឯកឧត្តមឯក ឆែងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។

នៅថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទី អធិការនៃអធិការនគរបាលស្រុកគិរីវង់ បានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋឈ្មោះ សោម សុខា ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ខ្លួនកំពុងតែដេកលើម៉ូតូរងចាំដឹកម៉ូយនៅមុខផ្សារទន្លាប់ (ផ្សារចាស់) ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ស្រាប់តែមានជនសង្ស័យម្នាក់ បានមកធ្វើសកម្មភាពធាក់មកលើខ្លួន ទំលាក់ពីលើម៉ូតូ បណ្តាលឲ្យធ្លាក់បានរងរបួស ស្រាល (រលាត់កែងដៃខាងស្តាំ ) ។

បន្ទាប់មកជនសង្ស័យបានជិះម៉ូតូជនរងគ្រោះ គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ ទៅត្បូង ភ្លាមនោះជនរងគ្រោះបានដេញតាម ជនសង្ស័យទាន់នៅចំណុចផ្សារដើមទំព័រ ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ រួចជនរងគ្រោះបានខលមក សមត្ថកិច្ចឲ្យអន្តរាគមន៍ភ្លាម ។ ជនសង្ស័យមានឈ្មោះ យិន ភក្តី (ហៅ ញ៉ីវ) ភេទប្រុស អាយុ ២៤ ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិរលៀក ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។

នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពធាកទំលាក់ជនរងគ្រោះ យកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី០១៥ ពាក់ស្លាកលេខ តាកែវ 1K-1569 ។

សូមបញ្ជាក់ថា: ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារពីរលើករួចហើយ នៅតែមិនកែខ្លួន ។ បច្ចុប្បន្នសមត្ថកិច្ចធ្វើកាឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់