ព័ត៌មានជាតិ

កាប់២ពូថៅរយះក្បាល ខឹងទារថ្លៃម៉ូតូឌុប៣០០០រៀល

កណ្តាល: បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបុរសម្នាក់យកពូថៅកាប់ចំនួន២កាំបិតត្រូវចំក្បាលពីក្រោយ ហេតុការណ៍នេះកើតឡើងម៉ោង៧និង៣៥នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ចំណុចក្នុងចម្ការស្វាយ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ យិន ហ៊ន់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើត ភូមិព្រេង ឃុំមោងរាវ ស្រុកត្បូងឃ្មុំ កំពង់ចាមបច្ចុប្បន្នរស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ  ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំណែកជនល្មើសឈ្មោះ ឈាន ឆុន ភេទប្រុសអាយុ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានដឹងថា នៅមុនពេលកើតហេតុជនល្មើសបានហៅជនរងគ្រោះឲ្យឌុបខ្លួនពីមុខវត្តព្រែកហូរទៅក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដោយឲ្យតម្លៃ៣០០០រៀល ពេលដល់គោលដៅជនល្មើស ឲ្យបន្តទៅស្ពានដែកជាប់ព្រំប្រទល់ព្រែកហូរ ដល់ទីនោះក៏មិនព្រមចុះទៀត ដោយឲ្យដឹកបន្តមកផ្លូវ៦០ម៉ែត្រវិញ ដោយប្រាប់ថា ទៅចម្ការស្វាយរបស់គាត់ លុះទៅដល់ចំណុចចម្ការស្វាយ ជនល្មើសបានសួរជនរងគ្រោះម្តងទៀតថា យកថ្លៃប៉ុន្មាន គាត់ក៏ប្រាប់ថា ៣០០០រៀល ពេលនោះជនល្មើសបានទាញពូថៅពីក្នុងអាវ កាប់ទៅលើក្បាលជនរងគ្រោះចំនួន២ពូថៅ បណ្តាលឲ្យរងបួសរយះក្បាលផ្នែកខាងក្រោយហូរឈាម ភ្លាមៗនោះជនរងគ្រោះបានរត់ចោលម៉ូតូស្រែកឲ្យគេជួយ តែមិនមានអ្នកជួយ ជនរងគ្រោះក៏ត្រឡប់មកវិញ ហើយយកបានមែកស្វាយ វាយដៃជនល្មើសដែលកាន់ពូថៅធ្លាក់ពូថៅពីដៃ ហើយជនរងគ្រោះបានរើសយកពូថៅជិះម៉ូតូមកប្តឹងសមត្ថកិច្ចតែម្ដង។

ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងបានចុះទៅឃាត់ខ្លួនជនល្មើសនៅចំណុចកើតហេតុ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បី ចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសនិយាយមិនដឹងខុសត្រូវឡើយ (មានសតិមិនប្រក្រតី) ដោយគាត់បានឆ្លើយថា មូលហេតុដែលគាត់កាប់ទៅលើជនរងគ្រោះ ដោយសារតែជនរងគ្រោះបានសម្លាប់ឪពុកម្តាយខ្លួនតាំងពី៣០ឆ្នាំមុន នៅខេត្តស្វាយរៀង តែតាមការពិតឪពុកម្តាយគាត់នៅរស់នៅឡើយ។

តាមការសាកសួរក្រុមគ្រួសាររបស់ជនល្មើសបានបំភ្លឺប្រាប់សមត្ថកិច្ចថា ពីមុនមកជនល្មើសជាមនុស្សផឹកស្រាជាប្រចាំ តែមិនដែលមានបញ្ហាអ្វីទេ ទើបតែប្រហែល១ខែនេះ ដែលជនល្មើសមានសតិមិនប្រក្រតី ចេះតែជេរគេឯងនៅក្នុងផ្ទះ និយាយតែម្នាក់ឯង និងពេលខ្លះដើរស្រាតទៀតផង៕

កាប់នឹងពូថៅ (1)

កាប់នឹងពូថៅ (2)

កាប់នឹងពូថៅ (3)

កាប់នឹងពូថៅ (4)

មតិយោបល់