ចិន: ជាថ្មីម្តងទៀត រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានប្រកាសប្រាប់សមភាគីកូរ៉េខាងត្បូង នៅថ្ងៃពុធនេះថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ទៅនឹងការដាក់ពង្រាយប្រព័ន្ធប្រឆាំងកាំជ្រួចមីស៊ីល កម្រិតខ្ពស់របស់សហរដ្ឋអាមេរិកនៅប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៤ សីហា ឆ្នាំ២០១៦។
ក្រសួងការបរទេសរបស់ប្រទេសចិន បានឱ្យដឹងថា ប្រទេសចិនសង្ឃឹមថា កូរ៉េខាងត្បូង និងចិនអាចជួបគ្នា ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ ដោយសន្តិវិធី ដែលភាគីទាំងពីរ អាចទទួលយកទាំងអស់ គ្នា។
សូមបញ្ជាក់ផងដែរថា កន្លងមកមន្ត្រីជាន់ខ្ពស់អាមេរិក ក៏ធ្លាប់បានទៅជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ចិន ផងដែរ អំពីបញ្ហាការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនេះ គឺក្នុងគោលបំណង ដើម្បីការពារការគំរាមកំហែង ពីកូរ៉េខាងជើង ដែលតែងតែសាកល្បងបាញ់មីស៊ីលឥតឈប់ឈរ និងម្យ៉ាងវិញទៀត ដោយអាមេរិកលើក ហេតុផលថា ការដាក់ពង្រាយនេះមិនប៉ះពាល់ទៅដល់ប្រទេសចិននោះទេ៕

មតិយោបល់