ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តលឿន រេចង្កូតជ្រុលទៅបុកដើមឈើពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿងយ៉ាងលឿន រេចង្កូតជ្រុលទៅបុកដើមឈើមួយដើមពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លួវសហព័ន្ធរុស្ស៊ី ទល់មុខនឹងព្រលានហោះពោធិ៍ចិនតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនម្នាក់ សង្ស័យស្រវឹងបានបើកបររថយន្ត TACOMA មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-2060 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកដើមឈើពេញទំហឹង បណ្ដាលឲ្យរថយន្តទៅមុខលែងរួច ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។​

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះមកពិនិត្យមើល ហើយបានយករថយន្តបង្កហេតុ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់