ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីគាត់ជិះម៉ូតូជ្រុលទៅបុកពីក្រោយ រថយន្តកូរេដែលកំពុងឈប់ស្ងៀម នៅលើចិញ្ចើមផ្លូវ ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ នៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-9986 បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឈប់ចតលើផ្លូវដោយពុំដឹងថា អ្នកបើកបររវល់ទៅណាឡើយ ។ លុះរយៈពេលប្រមាណ១០នាទីក្រោយមក មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1S-0197 ធ្វើដំណើរក្នុងទិសដៅស្របគ្នា ទៅដល់បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរតែម្ដង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ គេបានបញ្ជូនបុរសរងគ្រោះរូបនោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ហើយម៉ូតូរបស់គាត់ បានរងការខូចខាតយ៉ាងដំណំផងដែរ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីនោះរួចរាយការណ៍បន្ត ទៅកាន់នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីចុះទៅនាំយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕






មតិយោបល់