បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៤ និង៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការបង្ក្រាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធកាំបិត) ០១លើក ដោយជនសង្ស័យប្រើប្រាស់កាំបិតកាប់ត្រី កាប់ទៅលើជនរងគ្រោះរងរបួសធ្ងន់ស្រាល នៅត្រង់ចំណុចនៅចំណុចឈ្នាន់៣ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការ បានដឹកនាំកម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទឺ១ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១.ឈ្មោះ ផាន រ៉ានី ហៅ ណៃ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង
២.ឈ្មោះ ផាន ស៊ីណេង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង
៣.ឈ្មោះ រ៉ាត់ ចាន់រី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនសង្ស័យទាំង០៣នាក់ បានប្រើប្រាស់កាំបិតកាប់ត្រីកាប់ទៅលើជនរងគ្រោះចំនួន០២នាក់៖
១.ឈ្មោះ វ៉ាន់ រក្សា ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ រងរបួសចំកំភួនដៃខាងស្ដាំដេរចំនួន ១០ថ្នេរ និងជើងខាងឆ្វេងដេរចំនួន០៦ថ្នេរ ជនរងគ្រោះ ២.ឈ្មោះ ចាយ ឈួត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ រងរបួសចំសៀតផ្កាខាងស្ដាំដេរ ០៧ថ្នេរ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនដៃដល់ទាំង ០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីធ្វើការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលឈានដល់ការអំពើហិង្សាខាងលើនេះ គឺបណ្តាលមកពីមានជម្លោះនឹងគ្នារឿងរកត្រី ដោយប្រើប្រាស់ឧបករណ៍ឆក់ដោយខុសច្បាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕




មតិយោបល់