ព័ត៌មានជាតិ

ភ្ញាក់ផ្អើលឃើញម៉ូតូបាត់ម្ចាស់ បន្ទាប់ពីជិះបុកគល់ស្ពានអាកាសចោមចៅ

ភ្នំពេញ: បុរសម្នាក់បានជិះម៉ូត១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុករនាំងពុះចែកទ្រូងផ្លូវ ស្ពានអាកាសចោមចៅ បណ្ដាលឲ្យដួលបោកផ្ទប់ផ្លូវ រងរបួសធ្ងន់ធ្ងរ បន្ទាប់មកត្រូវបានគេហៅរថយន្តសង្រ្គោះ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្ដង ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ចំណុចស្ពានអាកាសចោមចៅ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ហើយនៅមុនពេលកើតហេតុ គាត់បានឃើញបុរសខាងលើនោះ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខក្រុងព្រះសីនុ 1A-3044 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថាគាត់មើលមិនឃើញឬបែបណានោះទេ ក៏រេចង្កូតជ្រុលទៅបុករនាំងពុះចែកទ្រូងផ្លូវ ស្ពានអាកាសចោមចៅទាំងកំរោលតែម្ដង ។

ប្រភពដដែលបាននិយាយទៀតថា ពេលនោះបានបណ្ដាលឲ្យដួលរងរបួសធ្ងន់ ហើយក្រោយពេលកើតហេតុភ្លាមៗ រថយន្តពេទ្យបានទៅដឹកយកបុរសខាងលើ នាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ។ ចំណែកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅនាំយកម៉ូតូទៅរក្សាទុក ជាបណ្ដោះអាសន្នរង់ចាំប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញ ៕

មតិយោបល់